ភូមិកំពត

អ្នកណាខ្លះចូលចិត្តលំហែកាយបែបស្ងប់ស្ងាត់តាមដងព្រែក? អ្នកទាំងអស់គ្នាអាចសាកល្បងមកកាន់ ភូមិកំពត បានដែលជាកន្លែងទេសចរណ៍បែបធម្មជាតិកែច្នៃមួយនៅលើទឹកដីភូមិកំពង់គ្រែង ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត មានចម្ងាយប្រហែលជិត ៥គីឡូម៉ែត្រពីរង្វង់មូលទុរេន។

ទីនេះមានទីធ្លាធំទូលាយ ជាពិសេសមានទេសភាពដ៏ស្រស់ស្អាតនៃដងព្រែក ជួរភ្នំ រុក្ខជាតិបៃតងតូចធំ ឆ្នេរខ្សាច់ស និងកន្លែងលំហែកាយលើក្បូនដ៏ធំបណ្តែតលើផ្ទៃទឹក។

នៅភូមិកំពត យើងអាចទទួលទានអាហារឆ្ងាញ់ៗ ជាពិសេសមានអាហារបែបបរទេស និងកាហ្វេដ៏ឈ្ងុយឆ្ងាញ់ ព្រមទាំងរីករាយជាមួយសកម្មភាពកម្សាន្តជាច្រើនដូចជា ជិះទូកកៃយ៉ាក ជិះទូកតាមដងព្រែក និងភូមិនេសាទ ហែលទឹកលេង មើលថ្ងៃលិច ថតរូបទុកជាអនុស្សាវរីយ៍ ស្រូបខ្យល់អាកាសដ៏បរិសុទ្ធបែបធម្មជាតិ ហាត់យូហ្គា ម៉ាស្សា ស្ប៉ា ធ្វើសមាធិ អង្គុយជជែកគ្នាលេង និងញុំាអាហារជួបជុំគ្រួសារ បង្កើតការចងចាំល្អៗជាមួយគ្នា។

 

ក្រៅពីនេះ នៅភូមិកំពត ក៏មានការរៀបចំកម្មវិធីជាច្រើនដែលយើងអាចចូលរួមបានដូចជា ការបណ្តុះបណ្តាលផ្នែកកន្លែងស្នាក់ ភោជនីយដ្ឋាន និងអេកូទេសចរណ៍ ព្រមទាំងជាទីផ្សារអាហារ សិប្បកម្ម មជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ខ្មែរ និងជាកន្លែងលំហែកាយលក្ខណៈបែបគ្រួសារផងដែរ។