ទឹកធ្លាក់ជ្រោះឱម៉ាល់

ទឹកធ្លាក់ជ្រោះឱម៉ាល់ ជារមណីយដ្ឋានធម្មជាតិមួយដែលមានភ្ញៀវទេសចរណ៍តិចតួចណាស់បានស្គាល់ពីទីកន្លែងនេះ។ មិនថាភ្ញៀវជាតិ ឬ​ ភ្ញៀវអន្តរជាតិនោះទេក៏មិនសូវស្គាល់ពីទីកន្លែងធម្មជាតិមួយនេះដែរ។

នៅតាមផ្លូវយើងអាចទស្សនាបាននូវព្រៃឈើដ៏ខៀវស្រងាត់​នារដូវវស្សា និង អាចទស្សនាចំការដំណាំ​ហូប​ផ្លែជា​ច្រើន​នៅតាមដងផ្លូវ ជាពិសេសចំការទុរេនដែលជាដំណាំហូបផ្លែតំណាងឲ្យខេត្តកំពត។ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតកំពុងលាក់ខ្លួននៅក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ ទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្យាបក្សីយំឮអឺងកងពេញព្រៃ និងខ្យល់អាកាសត្រជាក់ជាប់ចិត្តដិតអារម្មណ៍។​ អ្នកដែលបានទៅដល់ទីនោះហើយគឺច្បាស់ជាមិនចង់ត្រលប់មកផ្ទះវិញនោះទេ ។

ទឹកធ្លាក់ជ្រោះឱម៉ាល់មានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។ ភ្ញៀវទេសចរអាចធ្វើដំណើរដោយជិះម៉ូតូ កង់ ឬដើរដោយថ្មើរជើងកាន់តែល្អ។ ទឹកធ្លាក់ជ្រោះឱម៉ាល់មានចម្ងាយប្រហែល ១១ គីឡូម៉ែត្រ ពីក្រុងកំពត។ យើងអាចធ្វើដំណើរពីក្រុងកំពតទៅរមណីយដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្តិច មានផ្លូវបត់ឆ្វេងទៅត្រង់ យើងធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទប្រហែល ៧ គីឡូម៉ែត្រ និង ត្រូវដើរថ្មើរជើងតាមជើងភ្នំប្រហែល ៤ គីឡូម៉ែត្រ ទៀតទើបទៅដល់។