លើកកម្ពស់ការស្តារឡើងវិញនៃវិស័យទេសចរណ៍តាមរយៈប្រព័ន្ធឌីជីថលទំនើប និងទាន់សម័យ

កំពត គឺជាខេត្តដែលសម្បូរដោយសម្បត្តិធនធានធម្មជាតិ និងតំបន់ទេសចរណ៍ដ៏មានសក្ដានុពលជាច្រើនកន្លែងដែលមិនអាចកាត់ថ្លៃបាន។

 

តាមរយៈការចុះផ្សាយរបស់គេហទំព័រ The Phnom Penh Post បានអោយដឹងថា ខេត្តកំពតមានភ្ញៀវទេសចរជាង ១,៦លាននាក់ក្នុងឆ្នាំ២០១៩  កើនឡើង ២,១៧ភាគរយ បើធៀបនឹងឆ្នាំ២០១៨ ដែលមានភ្ញៀវទេសចរត្រឹមជាង ១,៤លាននាក់ប៉ុណ្ណោះ។ ក្នុងនោះដែរ ខេត្តបានកំណត់គោលដៅទាក់ទាញភ្ញៀវទេសចរចំនួន ២,៥ លាននាក់នៅដំណាច់ឆ្នាំនេះ។

 

អាស្រ័យហេតុនេះ ដើម្បីជំរុញកំណើនទេសចរណ៍តាមការគ្រោងទុក យើងត្រូវយកចិត្តទុកដាក់លើការលើកកម្ពស់ ក៏ដូចជាការផ្សព្វផ្សាយគោលដៅទេសចរណ៍ទាំងនោះអោយកាន់តែមានប្រសិទ្ធភាព និងចំគោលដៅ ដោយចាំបាច់ត្រូវផ្សារភ្ជាប់វិស័យនេះជាមួយនឹងបច្ចេកវិទ្យាឌីជីថល ដែលជាប្រភពព័ត៌មានទេសចរណ៍ដ៏សំខាន់ និងស្របទៅតាមបដិវត្តឧស្សាហកម្ម ៤.០ ក្នុងសតវត្សរ៍ទី២១។

 

ជាមួយគ្នានេះដែរ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល ក៏បានលើកឡើងថា៖  “ឥឡូវនេះ យើងកំពុងរស់នៅក្នុងយុគសម័យឌីជីថល ដែលផ្តល់ភាពងាយស្រួលក្នុងការបញ្ជូនព័ត៌មានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ទៅកាន់សាធារណជនទូទៅ ជាពិសេសគឺក្រុមទេសចរគោលដៅ ទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ។”

 

ជាការឆ្លើយតបទៅនឹងតម្រូវការខាងលើ ក្រុមយុវជនក្នុងខេត្តកំពតបានរួមគ្នាបង្កើតនូវកម្មវិធីទូរស័ព្ទបែបទេសចរណ៍ឌីជីថលមួយដែលមានឈ្មោះថា វីស៊ីតកំពត (Visit Kampot) Web-app ដែលជាបណ្តុំព័ត៌មានទេសចរណ៍ក្នុងខេត្តកំពត និងជួយផ្សារភ្ជាប់ទំនាក់ទំនងរវាងភ្ញៀវទេសចរជាតិ-អន្តរជាតិ ជាមួយអ្នកក្នុងតំបន់យ៉ាងងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់។

យើងរួមគ្នាលើកកម្ពស់ការស្តារឡើងវិញនៃវិស័យទេសចរណ៍តាមរយៈប្រព័ន្ធឌីជីថលទំនើប និងទាន់សម័យ។

 

Video: Visit Kampot Web-app