ព្រឹត្តិការណ៍ការប្រណាំងទូកកាយ៉ាកនៅដងព្រែកកំពតចាប់ផ្តើមប្រកួតពីថ្ងៃនេះហើយ

នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ Amber Kampot បានរៀបចំកម្មវិធីបើកការប្រកួតប្រណាំងទូកកាយ៉ាកក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងខេត្ត  តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ថ្លែងក្នុងកម្មវិធីនេះ ឯកឧត្តមបានមានប្រសាសន៍កោតសរសើរយ៉ាងខ្លាំងដល់ Amber Kampot ដែលបានបង្កើតព្រឹត្តិការណ៍នេះឡើង ធ្វើអោយមានគេស្គាល់កីឡាទូកកាយ៉ាកកាន់តែច្រើនឡើង ជាពិសេសមានការចូលរួមចម្រុះជាតិសាសន៍ ជួយលើកកម្ពស់ជីវភាពប្រជាជនក្នុងតំបន់ និងផ្សព្វផ្សាយខេត្តកំពតអោយកាន់តែមានភាពល្បីល្បាញថែមទៀត។

ជាមួយគ្នានេះដែរ ក្រោមការដឹកនាំដ៏ល្អរបស់ ឯកឧត្តម ម៉ៅ ធនិន ខេត្តកំពតបានបង្កើតឆ្នេរថ្មីចំនួន ៤កន្លែង និងមានការផ្លាស់ប្តូរជាច្រើន ផ្សាភ្ជាប់ជាមួយព្រឹត្តិការណ៍ Sea Games ដែលកន្លងទៅនាពេលថ្មីៗនេះ គឺជាការខិតខំប្រឹងប្រែងលើកកម្ពស់ និងបង្កើតគុណតម្លៃនៃកីឡា និងសន្តិភាព។ ជាពិសេសជាឱកាសមួយក្នុងការជួយជំរុញខេត្តកំពត អោយក្លាយទៅជាខេត្តគោលដៅទេសចរណ៍កីឡាដ៏ល្អផងដែរ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតប្រណាំងទូកកាយ៉ាក (Kayak) នេះធ្វើឡើងចាប់ពីថ្ងៃទី២៣-២៥ ខែឧសភា ឆ្នាំ២០២៣ នៅព្រែកកំពត រង្វាន់ជាទឹកប្រាក់សរុប 4000$ អាចចូលរួមទស្សនាដោយសេរី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនដែលស្នេហាវិស័យកីឡាទូកកាយ៉ាកជ្រាបជាដំណឹង និងចូលរួមទស្សនាអោយបានច្រើនកុះករ។​