កម្ពុជាទទួលបានមេដាយសរុប ៨គ្រឿង ក្នុងការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ នៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅខេត្តកំពត

យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានអោយដឹងថាការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ “ទូកនាគ” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើឡើងនៅកីឡដ្ឋានលើទឹក​ ក្នុងខេត្តកំពតបានបញ្ចប់ដោយភាពសប្បាយរីករាយ និងមោទនភាពបំផុត។

ក្នុងនោះ ក្រុមកីឡាទូកកម្ពុជាអាចរកមេដាយបានដល់ ៨គ្រឿង រួមមានមេដាយមាសចំនួន ២គ្រឿង មេដាយប្រាក់ចំនួន ២គ្រឿង និងមេដាយសំរិទ្ធចំនួន ៤គ្រឿង ឈរនៅលំដាប់ទី៤ នៅក្នុងចំណោមប្រទេសចូលរួមប្រកួតសរុបទាំង៩។

តំណាងក្រុមកីឡាករទូកកម្ពុជា បានលើកឡើងអំពីអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ចំពោះរាជរដ្ឋាភិបាលដែលបានរៀបចំកីឡាស៊ីហ្គេមលើកទី៣២នេះបានយ៉ាងល្អប្រសើរ និងផ្តល់ឱកាសឱ្យពួកគាត់អាចដណ្តើមយកមេដាយជូនជាតិ។ សមិទ្ធិផលនៃថ្ងៃនេះ បានបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់ក្រុមកីឡាករ គ្រូបង្វឹកកម្ពុជា និងការគាំទ្រពីគ្រប់មជ្ឍដ្ឋាន ដែលធ្វើឲ្យក្រុមកីឡាករមានកម្លាំងចិត្តប្រកួត។

សម្រាប់ការប្រកួតកីឡាទូក ក្រុមកីឡាករទូកប្រទេសថៃ ឈរនៅលំដាប់លេខ១ ទទួលបានមេដាយមាស៤ ប្រាក់៣ សរុប ៧គ្រឿង,  ឥណ្ដូនេស៊ី ឈរលំដាប់លេខ២ ទទួលបានមេដាយមាស ៣គ្រឿង ប្រាក់១ និងសំរិទ្ធ៤ សរុប ៨គ្រឿង,  វៀតណាមឈរលំដាប់លេខ៣ ទទួលបានមេដាយមាស៣ ប្រាក់១  សរុប៤គ្រឿង ខណៈដែលក្រុមកីឡាករមីយ៉ាន់ម៉ា ឈរលេខទី៥ នៅក្រោមកម្ពុជា ទទួលបានមេដាយមាស១ ប្រាក់៥ និងសំរិទ្ធ២ សរុប៨គ្រឿង, ម៉ាឡេស៊ី ឈរលំដាប់ទី៦ ទទួលបាន មេដាយប្រាក់១ សំរិទ្ធ៣ សរុប ៤គ្រឿង។ ដោយឡែកក្រុមកីឡាករហ្វីលីពីន និងសិង្ហបុរី មិនទទួលបានមេដាយទេ ខណៈដែលក្រុមកីឡាករប្រទេសឡាវ អវត្តមានក្នុងការបញ្ជូនក្រុមកីឡាករមកចូលរួមប្រកួត។